ឈ្មោះការិយាល័យ | ការិយាល័យសារការីអូកាដាក់អិរិ |
---|---|
ឈ្មោះអ្នកតំណាង | សារការី អូកាដាក់អិរិ |
អាសយដ្ឋានការិយាល័យ | 〒554-0002 ក្រុងអូសាកា កុណុហាណាគូ ឌែនប៉ូ6-3-1-338 |
ម៉ោងការងារ | ថ្ងៃច័ន្ទ~សៅរ៍ ចាប់ពី9:00~19:00 ※ទោះបីជាក្រៅម៉ោងធ្វើការក៏ដោយ នាងខ្ញុំអាចបំពេញការងារជូនលោកអ្នកបាន។ ដូច្នេះសូមលោកអ្នកទំនាក់ទំនងមកនាងខ្ញុំទុកជាមុន។ |
ទំនាក់ទំនង | Tel:06‐6136‐6861 Fax:06‐6462‐1017 |
អាសយដ្ឋានHP | https://office1017.com/ |
តាំងពីកុមារភាពមកនាងខ្ញុំមានឆន្ទៈចង់ក្លាយខ្លួនជាអ្នកឯកទេសខាងច្បាប់ដូចជាមេធាវីឬក៏ព្រះរាជអាជ្ញា។
ពេលចូលរៀនថ្នាក់ឧត្តមសិក្សានាងខ្ញុំបានចូលរៀននៅមហាវិទ្យាល័យនីតិសាស្ត្រនៃសាកលវិទ្យាល័យកាន់សៃហ្កាគូអ៊ិន។ ព្រោះតែចង់ប្រកួតប្រជែងប្រលងខាងផ្នែកតុលាការ នាងខ្ញុំបានយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រដើម្បីការប្រឡង ក៏ប៉ុន្តែជាអកុសលដោយសារតែមានកភាពលំបាកខ្លាំងពេក នាងខ្ញុំបានសម្រេចចិត្តបោះបង់ចោលពាក់កណ្ដាលទី។
ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនាងខ្ញុំនៅតែមិនអាចបោះបង់ចោលក្ដីស្រមៃរបស់នាងខ្ញុំដែលមានបំណងចង់បម្រើការងារនៅការិយាល័យច្បាប់បានឡើយ។ ព្រោះតែមូលហេតុដែលនាងខ្ញុំចង់ក្រេបជញ្ជក់យកបទពិសោធន៍ពីការងារខាងផ្នែកច្បាប់នេះ នាងខ្ញុំក៏បានចាប់ផ្តើមបម្រើការងារក្រៅម៉ោងនៅការិយាល័យច្បាប់។ បន្ទាប់ពីបញ្ចប់ការសិក្សា នាងខ្ញុំបានទទួលការងារដែលមានមុខងារជាស្មៀននៅការិយាល័យច្បាប់មួយនៅក្នុងតំបន់។
នៅការិយាល័យច្បាប់នោះនាងខ្ញុំជាស្មៀនដែលមានមុខងារជួយសម្រួលការងារដល់មេធាវីដូចជារៀបចំនីតិវិធីដើម្បីរួមបញ្ចូលបំណុលនានាពេលដែលសហគ្រាសឬក្រុមហ៊ុនក្ស័យធន ការលែងលះ ការបែងចែកមរតក នីតិវិធីមរតក ការរៀបចំបណ្ដាំមរតក កិច្ចការស្ដីអំពីអាណាព្យាបាលមនុស្សពេញវ័យជាដើម។ ពេលដែលបំពេញការងារយូរៗទៅ ខ្ញុំបានយល់យ៉ាងច្បាស់អំពីរបៀបរៀបចំឯកសារ មានសមត្ថភាពក្នុងការវិនិច្ឆ័យប្រភេទឯកសារដែលចាំបាច់សម្រាប់នីតិវិធីនិមួយៗ ហើយខ្ញុំក៏អាចដឹងច្បាស់ពីវិធីសាស្រ្តក្នុងការប្រមូលសំណុំឯកសារដែលត្រូវការចាំបាច់ផងដែរ។
ខ្ញុំមានសេចក្ដីរីករាយខ្លាំងណាស់ដែលអាចបំពេញការងារដែលនាងខ្ញុំតែងតែប៉ងប្រាថ្នាតាំងមុនមកបាន។ ជារៀងរាល់ថ្ងៃនាងខ្ញុំពិតជាមានអារម្មណ៍រំភើបសប្បាយរីករាយជាមួយការងាររបស់នាងខ្ញុំផ្ទាល់ ព្រោះតែលោកអ្នកដែលបានមកពឹងពាក់ស្នើសុំជំនួយស្ដីអំពីបែបបទនីតិវិធីពីការិយាល័យច្បាប់នាងខ្ញុំ គាត់តែងពោលពាក្យថា “សូមអរគុណ” ចំពោះនាងខ្ញុំក៏ដូចជាបុគ្គលិកឯទៀតៗ ដែលធ្វើអោយនាងខ្ញុំកាន់តែមានកំលាំងចិត្តខិតខំប្រឹងប្រែងធ្វើការងារ ហើយតែងតែគិតថាការងារដែលទទួលបាននូវការថ្លែងអំណរគុណពីអ្នកផងទាំងពួងនោះគឺពិតជាការងារមួយដ៏អស្ចារ្យប្រាកដមែន។
មានពេលមួយដោយសារតែមិត្តខ្ញុំម្នាក់គាត់មានបំណងចង់ឃើញប្រាសាទអង្គរវត្តដោយផ្ទាល់ភ្នែករបស់គាត់ គាត់ទទូចមកនាងខ្ញុំម្ដងហើយម្ដងទៀត ទើបយើងទាំងពីរនាក់បានសម្រេចចិត្តសុំអនុញ្ញាតច្បាប់ឈប់សំរាកពីការងារ ហើយក៏បានធ្វើវិស្សមកាលមកកម្សាន្តនៅប្រទេសកម្ពុជា។ ពីមុនមកខ្ញុំមិនបានដឹងថាប្រាសាទអង្គរវត្តស្ថិតនៅក្នុងប្រទេសណាឡើយ ប៉ុន្តែពេលដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ខ្ញុំបានទៅទស្សនាតំបន់រមណីយដ្ឋានវប្បធម៌និងប្រវត្តិសាស្រ្តអង្គរវត្តដោយផ្ទាល់ដែលធ្វើអោយនាងខ្ញុំជក់ចិត្តដិតអារម្មណ៍នឹងទេសភាពដ៏ស្រស់ត្រកាល ចាប់ផ្ដើមមានទំនាក់ទំនងស្រលាញ់ចូលចិត្តប្រជាជនកម្ពុជា ហើយនាងខ្ញុំតែងតែគិតថាប្រទេសកម្ពុជាកំពុងតែទាក់ទាញឆក់យកបេះដូងនាងខ្ញុំទាំងស្រុងអោយចង់រស់នៅក្នុងប្រទេសនេះ ។
តាំងពីខ្ញុំកើតនិងធំដឹងក្ដីមក ខ្ញុំមិនដែលបានចាកចេញពីក្រុងអូសាកានោះទេ ក៏ប៉ុន្តែបន្ទាប់ពីពេលដែលខ្ញុំបានធ្វើដំណើរមកទស្សនាប្រទេសកម្ពុជាម្ដងរួច ខ្ញុំបានសម្រេចចិត្តសុំច្បាប់ការងារដើម្បីមកធ្វើវិស្សមកាលរយៈពេលដ៏យូរនៅក្នុងប្រទេសកម្ពុជាតែម្នាក់ឯង។ទោះបីជានាងខ្ញុំជាមនុស្សដែលមានការអៀនខ្មាស់ច្រើនពីកំណើតហើយមិនសូវមានមិត្តភ័ក្ដិច្រើនក៏ដោយ ដោយសាតែអារម្មណ៍ចង់ដឹងចង់យល់ចង់ស្គាល់អោយបានច្រើនពីប្រទេសកម្ពុជា ទើបបណ្ដាលអោយនាងខ្ញុំបានចាប់ផ្តើមចូលរួមយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍ឬក៏ពិធីបុណ្យនានាដែលទាក់ទងនឹងប្រទេសកម្ពុជា។
ជាព្រហ្មលិខិតនាងខ្ញុំបានជួបនឹងបុរសជនជាតិកម្ពុជាមួយរូប ពួកយើងបានស្គាល់គ្នារាប់អានគ្នាក្នុងរយៈពេលមួយដ៏យូរ ហើយក៏បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា (ខ្លួនខ្ញុំផ្ទាល់គឺមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែនាងខ្ញុំមិនធ្លាប់មានឪកាសឬនិស្ស័យជួបជាមួយជនបរទេសពីមុនមកសោះ ហេតុអ្វីក៏វាសនាបានប្រែក្លាយនាងខ្ញុំអោយទៅជាបែបនេះ នាងខ្ញុំស្ទើរតែមិនជឿខ្លួនឯង!) ។
យើងទាំងពីរនាក់បានពិគ្រោះយោបល់គ្នា ហើយក៏បានសម្រេចចិត្តថានឹងរៀបចំជីវិតអាពាហ៍ពិពាហ៍របស់យើងទាំងពីរដោយរស់នៅក្នុងប្រទេសជប៉ុន ទើបនាងខ្ញុំបានបំពេញបែបបទនីតិវិធីអន្តោប្រវេសន៍ដោយខ្លួនឯងផ្ទាល់ដើម្បីធានាស្វាមីនាងខ្ញុំអោយមករស់នៅប្រទេសជប៉ុន។ នាងខ្ញុំគិតដោយងាយៗថាសំណុំឯកសារសម្រាប់ពាក្យស្នើសុំទិដ្ឋាការរបស់ស្វាមីខ្ញុំនឹងមិនមានការពិបាកនោះទេ ដោយសាររហូតមកដល់ពេលបច្ចុប្បន្ននេះនាងខ្ញុំមានបទពិសោធន៍ជាច្រើនក្នុងការបម្រើការងារនៅការិយាល័យច្បាប់អស់រយៈពេលជាយូរមកហើយ។
ក្រោយមកពេលដែលនាងខ្ញុំបានគិតម្ដងទៀតពីរឿងរាវដែលកើតមានឡើង តើមូលហេតុអ្វីដែលបណ្ដាលអោយខ្ញុំគិតខ្លីយ៉ាងដូច្នេះ? បែបបទនៃនីតិវិធីអន្តោប្រវេសន៍សម្រាប់ជនបរទេសគឺមានលក្ខណៈខុសគ្នាទាំងស្រុងពីនីតិវិធីតុលាការ។
សំណាងល្អសំណុំឯកសារសម្រាប់ពាក្យស្នើសុំទិដ្ឋាការរបស់ស្វាមីនាងខ្ញុំគឺគ្មានបញ្ហាអ្វីឡើយ គាត់បានធ្វើដំណើរមកប្រទេសជប៉ុនដើម្បីរួមរស់ជាមួយនាងខ្ញុំប្រកបដោយសុវត្ថិភាព ប៉ុន្តែបើយើងគិតឡើងវិញម្ដងហើយម្ដងទៀត ចំពោះការរៀបចំបែបបទបំពេញឯកសារសម្រាប់ពាក្យស្នើសុំទិដ្ឋាការនេះគឺមានភាពលំបាកខ្លាំងណាស់។
ការបំពេញបែបបទនិងនីតិវិធីទាំងអស់នេះហើយដែលចាប់ផ្ដើមជំរុញទឹកចិត្តនាងខ្ញុំអោយបានដឹងអំពីគុណវុឌ្ឍិនិងមានបំណងចង់ប្រលងយកវិញ្ញាបនបត្រដើម្បីអោយក្លាយខ្លួនជា “សារការី” ។ ម្យ៉ាងវិញទៀតខ្ញុំគិតថាប្រាកដជាមានមនុស្សជាច្រើនដែលមានវាសនាដូចជារូបនាងខ្ញុំ ដែលពួកគេមានការលំបាកក្នុងការបំពេញបែបបទនៃនីតិវិធីដែលពាក់ព័ន្ធដល់ការធានាជនបរទេស។ ដោយសារកត្តាទាំងអស់នេះហើយ ម្យ៉ាងទៀតគួបផ្សំនឹងបទពិសោធន៍ការងារនិងជីវិតនាងខ្ញុំផ្ទាល់ផងដែរនោះ ខ្ញុំគិតថាប្រសិនបើខ្ញុំអាចរិះរកមធ្យោបាយនិងវិធីសាស្រ្តដើម្បីជួយពួកគេបានគឺប្រាកដជារឿងមួយដ៏ល្អ ដូច្នេះនាងខ្ញុំក៏ងាកមកចាប់អារម្មណ៍ហើយនឹងចង់ក្លាយខ្លួនជា “សារការី” ។
ពីអតីតកាលនាងខ្ញុំបានត្រឹមតែធ្វើការជាស្មៀននៅក្នុងការិយាល័យច្បាប់មួយតែប៉ុណ្ណោះដើម្បីបានជួយសម្រួលការងារដល់មេធាវី។ ក៏ប៉ុន្តែប្រសិនបើខ្ញុំមានវាសនាក្លាយខ្លួនជា “សារការី” ខ្ញុំតែងតែគិតថាខ្ញុំនឹងអាចមានលទ្ធភាពជាច្រើនដើម្បីជួយមនុស្សដែលកំពុងតែត្រូវការជំនួយបានដោយខ្លួនឯងផ្ទាល់។ លើសពីនេះទៅទៀតខ្ញុំគិតថានេះគឺជាឱកាសចុងក្រោយតែមួយគត់ដែលខ្ញុំអាចក្លាយខ្លួនទៅជាអ្នកដែលមានជំនាញនិងអាជីពផ្នែកច្បាប់ដោយផ្ទាល់ ដែលជាបំណងប្រាថ្នារបស់នាងខ្ញុំអស់រយៈពេលជាយូរមកហើយ ទើបនាងខ្ញុំបានខិតខំប្រឹងប្រែងរៀនសូត្រអស់ពីកំលាំងកាយកំលាំងចិត្តដើម្បីប្រលងយកវិញ្ញាបនបត្រសារការី។
ខណៈពេលដែលកំពុងសិក្សាដោយខ្លួនឯងផ្ទាល់សម្រាប់ការត្រៀមប្រលង គឺមានឧបសគ្គនិងការបាក់ទឹកចិត្តកើតមានឡើងជាច្រើនលើកច្រើនសារ ក៏ប៉ុន្តែបន្ទាប់ពីការសិក្សាអស់រយៈពេលប្រមាណ8ខែរួចមក ទីបំផុតខ្ញុំបានដាក់ពាក្យប្រលងតែម្ដងគត់ ហើយដោយសារតែការខិតខំប្រឹងប្រែងគួបផ្សំនឹងបុណ្យវាសនាផងដែរនោះ នាងខ្ញុំបានប្រឡងជាប់ជាស្ថាពររួចក៏ក្លាយខ្លួនជាសារការីពេញសិទ្ធិមួយរូបចាប់ពីពេលនោះមក។ ទីបំផុតនាងខ្ញុំអាចចាប់ផ្ដើមបង្កើតធុរកិច្ចដោយឯករាជ្យក្នុងនាមជាសារការីបានដោយខ្លួនឯងផ្ទាល់។
បច្ចុប្បន្ននេះគឺមានជនបរទេសជាច្រើនមកពិគ្រោះយោបល់ជាមួយនាងខ្ញុំ ហើយការងារជាចំបងរបស់ខ្ញុំគឺកំពុងតែជួយបំពេញបែបនីតិវិធីដែលទាក់ទងជាមួយនឹងជនបរទេសទាំងអស់នោះ។ នាងខ្ញុំនឹងប្រើប្រាស់បទពិសោធន៍របស់នាងខ្ញុំផ្ទាល់ដែលបានបម្រើការងារនៅក្នុងការិយាល័យច្បាប់ពីអតីតកាលដែលមានទាំងប៉ុន្មាននោះ ដូចជានីតិវិធីមរតក ការណែនាំក្នុងការសរសេរបណ្ដាំមរតក ការងារដែលពាក់ព័ន្ធនឹងប្រព័ន្ធអាណាព្យាបាលនៃមនុស្សពេញវ័យជាដើម សម្រាប់ជួយសម្រាលបន្ទុកជូនលោកអ្នកដែលកំពុងតែមានបញ្ហាដែលត្រូវការជំនួយពីនាងខ្ញុំ។
តទៅនេះបញ្ហាសំខាន់ជាងគេសម្រាប់ជីវិតគឺនីតិវិធី។ ដូច្នេះហើយដើម្បីស្នាមញញឹមនិងទំនុកចិត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់លោកអ្នកទាំងអស់គ្នា នាងខ្ញុំសូមសន្យាថានឹងជួយគាំទ្រក៏ដូចជាជួយជ្រោមជ្រែងលោកអ្នកទាំងអស់គ្នាអោយអស់ពីកំលាំងកាយកំលាំងចិត្តកំលាំងប្រាជ្ញា។